បញ្ជូនក្រុមចោរលួចរថយន្ត និងទទួលផលចោរកម្មដ៏កក្រើក នៅភ្នំពេញ​ ចំនួន៦នាក់ ទៅកាន់តុលាការ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ស ថេត នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញមុខក្រុមជនសង្ស័យ ជាអ្នកទទួលផលចោរកម្ម និងជាចោរខាងឆ្កឹះសោលួចរថយន្ដយ៉ាងកក្រើកក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់ មុនបញ្ជូនពួកគេទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

ការបង្ហាញមុខក្រុមចោរទាំងនេះ បានធ្វើឡើងរួមជាមួយវត្ថុតាងរថយន្ដចំនួន៧គ្រឿង, ម៉ូតូ៦គ្រឿង, ស្លាកលេខ១២បន្ទះ និងសម្ភារគ្រឿងបន្លាស់រថយន្ដមួយចំនួនទៀតផងដែរ ។

ក្រោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ បាន​ប្រើរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងការដេញតាមស្រាវជ្រាវបង្ក្រាបបាន ជាបន្តបន្ទាប់ចំនួន៦ករណី ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល, នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ, នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ, ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន, នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ, នៃគោលដៅផ្សេងៗគ្នា កាលពីថ្ងៃទី៣១ ខែខែតុលា រហូតមកដល់ថ្ងៃទី៣ ដើមខែវិច្ឆិកា ឆ្នាំ២០១៨​ ៕

%d bloggers like this: