សិស្សម្នាក់បានបាត់បង់ជីវិត ខណៈជួបគ្រោះអកុសលតាមផ្លូវ

ក្មេងស្រីវ័យជំទង់ជាសិស្សសាលា២នាក់បានជិះម៉ូតូឌុបគ្នាទៅបុកដើមឈើបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង២នាក់ ហើយបានស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវកៅស៊ូមួយខ្សែស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ជនរងគ្រោះទាំង២នាក់ អ្នកបើកបរមូតូឈ្មោះ យ៉េត អាលីហ្សា ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្ស រស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន បានរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរឈ្មោះ ឆែម ភារី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន រងរបួសធ្ងន់ហើយក៏បានស្លាប់នៅមន្ទីរពេទ្យ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ គ្មានស្លាកលេខ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅវេលាកើតហេតុ ក្មេងស្រីវ័យជំទង់២នាក់បានជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុត្រង់ចំណុចផ្លូវកោងខ្លាំង បត់មិនទាន់ក៏ជ្រុលទៅបុកដើមឈើយ៉ាងពេញទំហឹង បណ្ដាលឲ្យសន្លប់បាត់ស្មារតី និងរងរបួសយ៉ាងធ្ងន់ធ្ងរទាំង២នាក់ លុះពេលបញ្ជូនដល់មន្ទីរពេទ្យក៏ស្លាប់ម្នាក់។


បច្ចុប្បន្នជនរងគ្រោះដែលរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបឹងខ្នារ រីឯជនរងគ្រោះដែលស្លាប់ត្រូវបានក្រុមគ្រួសារបានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

%d bloggers like this: