គាំទ្រពេញទំហឹង!! អភិបាលខេត្តព្រះសីហនុ សម្រេចបញ្ឈប់ការងារ​សន្តិសុខផ្សារម្នាក់ ក្រោយធ្វើរឿងមិនគម្បីមួយនេះ…

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ។

ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ ឯកឧត្តមអភិបាលខេត្ត បានសម្រេចបញ្ឈប់ការងារសន្តិសុខផ្សារនោះ ហើយអនុញ្ញាតឲ្យម្ចាស់ពងទា ដែលសន្តិសុខធ្វើបែក លក់ពងទារក្នុងផ្សារ ដោយមិនបង់ថ្លៃភាស៊ីពេញ១ឆ្នាំ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំបន្ទាន់ ទាក់ទងទៅនឹងករណីសន្តិសុខមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាននេះ ភ្លាម ឯកឧត្តម បានបោះបន្តជូនទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។

ក្រោយមក ក៏ទទួលបានព័ត៌មានពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរ បានស្រុះស្រួលគ្នា ដោយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ដូច្នេះឯកឧត្តម ក៏បានណែនាំឱ្យមានការថតវិដេអូខ្លីប បង្ហាញពីហេតុផល និងបញ្ហា ដែលបានកើតឡើង តាមរយៈវិដេអូខ្លីប ដែលភាគីទាំងពីរ (សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថា ហេតុផលនៃបញ្ហា ដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះ ធ្វើឱ្យខូចខាតនោះទេ។

ទើបឯកឧត្តម បញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះ ដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទា ដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះ ត្រូវទទួលខុសត្រូវនូវទង្វើ ដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ។

ជាការពិតថាករណីនេះ កើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ។ ដូច្នេះឯកឧត្តម ត្រូវពិចារណា និងចាត់ការករណីនេះ ឱ្យបានហ្មត់ចត់បំផុត ដែលមិនអាចឱ្យកើតឡើងនូវអំពើ ដែលអសីលធម៌បែបនេះបានទេ។

ឯកឧត្តមអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី។ ដូច្នេះ គឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាត ដែលបានបង្កឡើង។ ប៉ុន្តែឯកឧត្តមបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករ ដែលរងគ្រោះ ឯកឧត្តមអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ ពេលមួយឆ្នាំពេញ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុងស្រុក និងអ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តតាមសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

សូមរម្លឹកថា ករណីសន្តិសុខផ្សារ ដែលបានធ្វើឲ្យបែកពងទាអ្នកលក់ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយសារតែសន្តិសុខខឹងអ្នកលក់ពងទា មិនបង់លុយ ៣ម៉ឺនរៀល ទើបសន្តិសុខម្នាក់នោះ រុញកញ្ច្រែង ដាក់ពងទា កំពប់បែកខ្ទេច៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ