ក្រមុំៗខកចិត្តមិនស្ទើរទេ! បុរសសង្ហា៣នាក់បានសម្រេចចិត្តចូលរោងជ័យជាមួយគ្នា យ៉ាងមានក្ដីសុខ…

ថៃ៖​ ​សម្រាប់ប្រទេសថៃ អាពាហ៍ពិពាហ៍រវាងមនុស្សពីរនាក់ដែលមានភេទដូចគ្នា មិនមែនជារឿងចម្លែកនោះទេ។ ប៉ុន្ដែនេះអាចចាត់ទុកថាជារឿងកម្រមួយ ចំពោះបុរសបីនាក់ដែលបានសម្រេចចិត្ដចូលរោងការជាមួយគ្នា បន្ទាប់ពីកសាងទំនាក់ទំនងស្នេហា​អស់រយៈពេលជាច្រើនឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយទំនាក់ទំនងមួយនេះបានកើតឡើងរវាងបុរសពីរនាក់អស់រយៈពេល៧ឆ្នាំមកហើយ គឺអ្នកជំនាញផ្នែកចំណីអាហារវ័យ៣០ឆ្នាំ ឈ្មោះ James Chandmthong និងអ្នករាំវ័យ២២ឆ្នាំ ឈ្មោះ Nong Amsapchan ក្រោយមកអ្នកទាំងពីរបានស្គាល់គ្នាជាមួយអ្នករាំវ័យ ២៤ឆ្នាំម្នាក់ទៀត ឈ្មោះ Nong Toei Buutawat និងបានស្វាគមន៍គាត់ចូលមកក្នុងទំនាក់ទំនងរបស់ពួកគេ រហូតឈានដល់ការសម្រេចចិត្ដចូលរោងការរួមគ្នាតែម្ដង។

ជាក់ស្ដែងពិធីមង្គលការដែលបានធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅឯខេត្ដចាន់ថាបុរី បានបង្ហាញឲ្យឃើញថាសាច់ញាតិ និងមិត្ដភក្ដិរបស់ពួកគេក៏បានចូលរួមអបអរសាទរផងដែរ។ ជាពិសេសពិធីមួយនេះក៏មានការយល់ព្រមពីអាណាព្យាបាល ហើយពួកគេក៏សង្ឃឹមថាកូនៗរបស់ពួកគេនឹងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរៀងរហូតដូចជាគ្រួសារដទៃអីចឹងដែរ៕