កូនតូចស្រែកថាឈឺហើយ ឳពុកនៅតែលូកស្ទាបមិនឈប់ រីឯប៉ូលិសក៏ធ្វើឱ្យហួសចិត្តទៀត (មានវីដេអូ)

ចិន៖ សកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីអាយុ ៥ ឆ្នាំ ដោយចំហនៅលើរថភ្លើង ពីសំណាក់ឳពុកជនជាតិចិនម្នាក់ បានបណ្តាលឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ដោយអ្នកប្រើប្រាស់បណ្តាញសង្គមចិន មានការខកចិត្តនិងក្តៅក្រហាយចំពោះការស៊ើបអង្កេតរបស់អាជ្ញាធរ ទៅលើអាកប្បកិរិយាមិនគួរគប្បីរបស់ឳពុក កាលពីពេលថ្មីៗនេះ។

បើតាមវីដេអូដែលថតបានដោយអ្នកដំណើរអង្គុយក្បែរនោះ គេឃើញបុរសវ័យ ៣០ ឆ្នាំកំពុងស្ទាបអង្អែល និងថើបកូនស្រីក្នុងលក្ខណៈមិនសមរម្យ អំឡុងការធ្វើដំណើរលើរថភ្លើងល្បឿនលឿនមួយក្នុងខេត្តគ័ងចូវ។ បុរសវ័យកណ្តាលម្នាក់នេះបានលាត់អាវកូនស្រី ត្រដុសអង្អែលខ្នង ថើប-ក ថើបមុខម្តងហើយម្តងទៀត ខណៈកូនស្រីខំរើខ្លួនដោយរុញដៃចេញ។ នៅពេលមួយ គេឃើញបុរសដៃម៉ឹករូបនេះលូកដៃចូលក្នុងខោរបស់កូនស្រី ហើយនាងបានស្រែកថា “ប៉ា កូនឈឺណាស់ ឈប់ប៉ះគូទកូនទៅ”។

ក្រោយមកអ្នកដំណើរដែលថតសកម្មភាពនេះ បានផ្ញើវីដេអូទៅសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃអាទិត្យ និងបានដាក់ពាក្យបណ្តឹងពីបទបៀតបៀនកេរ្តិ៍ខ្មាសនៅប៉ុស្តិ៍ប៉ូលិសមួយកន្លែងទៀតផង ប៉ុន្តែអាជ្ញាធរទើបតែចាប់ផ្តើមស៊ើបអង្កេត បន្ទាប់ពីដំណឹងនេះបានល្បីពេញអ៊ីនធើណិតទៅហើយប៉ុណ្ណោះ។

ក្រោយមកទៀតប៉ូលិសបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈ Weibo កាលពីថ្ងៃពុធ ដោយបញ្ជាក់ថា បុរសនិងក្មេងស្រីក្នុងវីដេអូនោះពិតជាឳពុកនិងកូនមែន។ ទោះយ៉ាងណា ការស៊ើបអង្កេតលើករណីដែលត្រូវបានរាយការណ៍មកនេះ បានកំណត់ថា សកម្មភាពរបស់បុរសខាងលើមិនត្រូវបានចាត់ទុកជាការបៀតបៀនកេរ្តិ៍ខ្មាសឡើយ។

 

ការបង្ហោះនេះហើយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅមិនសុខ ព្រោះពួកគេសឹងតែមិនជឿចំពោះលទ្ធផលនៃការស៊ើបអង្កេតនេះ ដោយមានម្នាក់សរសេរថា “ខ្ញុំលែងយល់និយមន័យនៃពាក្យបៀតបៀនកេរ្តិ៍ខ្មាសទៀតហើយ បើធ្វើប៉ុណ្ណឹងហើយនៅមិនរាប់ចូលទៀតនោះ” ខណៈម្នាក់ទៀតសួរថា “មិនចាត់ទុកថាបៀតបៀនកេរ្តិ៍ខ្មាស ព្រោះពួកគេជាឳពុកនិងកូនឬ?”៕

សូមទស្សនាវីដេអូខាងក្រោម៖

%d bloggers like this: